ទីកន្លែង និងរបៀបបោះឆ្នោត

អ្នកបោះឆ្នោតណាម្នាក់ដែលបានចុះឈ្មោះក្នុងរដ្ឋកាលីហ្វ័រនីញ៉ា អាចសំរេចថាតើត្រូវបោះឆ្នោត នៅឯកន្លែងបោះឆ្នោត ឬបោះឆ្នោតតាមសំបុត្រ។ ដើម្បីស្វែងយល់ថែមទៀត សូមជ្រើសសំណួរណាមួយដែលបង្ហាញនៅខាងក្រោម។

បោះឆ្នោតនៅឯកន្លែងបោះឆ្នោត

បោះឆ្នោតតាមសំបុត្រ


បោះឆ្នោតនៅឯកន្លែងបោះឆ្នោត

តើកន្លែងបោះឆ្នោតរបស់ខ្ញុំនៅឯណា?

អាសយដ្ឋាននៃកន្លែងបោះឆ្នោតរបស់អ្នក គឺមាននៅទំព័រខាងក្រោយនៃកូនសៀវភៅគំរូសន្លឹកឆ្នោត ដែលមន្រ្ដីការ បោះឆ្នោតខោនធីរបស់អ្នក បានផ្ញើទៅឲ្យអ្នក។ បើអ្នកពុំមានកូនសៀវភៅនោះទេ សូមទាក់ទងការិយាល័យបោះឆ្នោតខោនធី របស់អ្នក ឬទូរស័ព្ទទៅលេខពិសេសសំរាប់អ្នកបោះឆ្នោតរបស់រដ្ឋលេខាធិការ តាមលេខឥតចេញថ្លៃ (888) 345-4917។

តើអ្នកនឹងត្រូវយកអត្ដសញ្ញាណមកឬទេ?

ក្នុងករណីភាគច្រើន អ្នកបោះឆ្នោតរដ្ឋកាលីហ្វ័រនីញ៉ា មិនតម្រូវឲ្យបង្ហាញអត្ដសញ្ញាណ នៅឯកន្លែងបោះឆ្នោតរបស់គេទេ។ តែជាយ៉ាងណាមិញ វាជាគំនិតមួយដ៏ល្អ ដើម្បីយកអត្ដសញ្ញាណមកជាប់ខ្លួនអ្នក នៅពេលអ្នកមកបោះឆ្នោត ជាលើកដំបូង។ បុគ្គលិកនៅកន្លែងបោះឆ្នោត អាចនឹងសុំមើលអត្ដសញ្ញាណរបស់អ្នក បើសិនអ្នកបានផ្ញើក្រដាសដាក់ពាក្យសុំចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នក និងមិនបានបញ្ចូលលេខសំបុត្របើកបររថយន្ដរបស់អ្នក លេខអត្ដសញ្ញាណរដ្ឋកាលីហ្វ័រនីញ៉ា ឬលេខបួនខ្ទង់ចុងក្រោយនៃលេខសូស្យ៉ាល់សឹគ្យួរិទីរបស់អ្នក។

សំណៅនៃវិក្កយបត្រទឹកភ្លើងថ្មីៗបំផុត កូនសៀវភៅគំរូសន្លឹកឆ្នោត ដែលអ្នកបានទទួលពីការិយាល័យបោះឆ្នោតខោនធីរបស់អ្នក ឬឯកសារផ្សេងទៀតដែលភ្នាក់ងាររដ្ឋាភិបាលបានផ្ញើទៅឲ្យអ្នក គឺជាគំរូនៃទំរង់អត្ដសញ្ញាណ ដែលអាចទទួលស្គាល់បាន។ គំរូផ្សេងៗទៀត រួមមាននូវ លិខិតឆ្លងដែន សំបុត្របើកបររថយន្ដរបស់អ្នក អត្ដសញ្ញាណប័ណ្ណរដ្ឋកាលីហ្វ័រនីញ៉ាជាផ្លូវការ ឬអត្ដសញ្ញាណប័ណ្ណសិស្ស។

សំរាប់ព័ត៌មានបន្ថែមស្ដីពីអត្ដសញ្ញាណ ដើម្បីប្រើនៅពេលអ្នកមកបោះឆ្នោតជាលើកដំបូង សូមឆែកមើល បញ្ជីសព្វគ្រប់ ឬទូរស័ព្ទទៅលេខពិសេសសំរាប់អ្នកបោះឆ្នោតរបស់រដ្ឋលេខាធិការ តាមលេខឥតចេញថ្លៃ (888) 345-4917។

ចុះបើសិនឈ្មោះរបស់ខ្ញុំ ពុំមាននៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅឯកន្លែងបោះឆ្នោត?

ទោះបើឈ្មោះរបស់អ្នក ពុំមាននៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅឯកន្លែងបោះឆ្នោតក៏ដោយ ក៏អ្នកមានសិទ្ធិដើម្បី បោះឆ្នោត ជាមួយនឹងសន្លឹកឆ្នោតបណ្ដោះអាសន្នបានដែរ។ សន្លឹកឆ្នោតបណ្ដោះអាសន្នរបស់អ្នក នឹងបានរាប់តែបន្ទាប់ពីមន្រ្ដីការបោះឆ្នោតបានបញ្ជាក់ ថាអ្នកជាអ្នកបោះឆ្នោតបានចុះឈ្មោះ ហើយអ្នកមិនបានបោះឆ្នោតនៅទីណា ក្នុងពេលបោះឆ្នោតនោះទេ។ បុគ្គលិកនៅកន្លែងបោះឆ្នោតអាចផ្ដល់ព័ត៌មានឲ្យអ្នក អំពីរបៀបឆែកមើល បើសិនសន្លឹកឆ្នោតបណ្ដោះអាសន្នបានរាប់ ហើយបើសិនមិនបានរាប់ទេ វាមានមូលហេតុអ្វី។

តើខ្ញុំនឹងប្រើប្រព័ន្ធការបោះឆ្នោតអ្វី?

ការិយាល័យបោះឆ្នោតខោនធីនិមួយៗ ជ្រើសរើសប្រព័ន្ធការបោះឆ្នោត ចេញពីបញ្ជីមួយដែលបានយល់ព្រមដោយ រដ្ឋលេខាធិការ។ អ្នកអាចមើលឡើងវិញអំពី របៀបបោះឆ្នោតដោយប្រើប្រព័ន្ធការបោះឆ្នោតនៃខោនធីរបស់អ្នក ដើម្បីឲ្យដឹងប្រព័ន្ធណាមួយដែលខោនធីរបស់អ្នកប្រើ។

បោះឆ្នោតតាមសំបុត្រ

តើខ្ញុំទទួលសន្លឹកឆ្នោតរបៀបណា?

ដើម្បីស្នើសុំសន្លឹកឆ្នោត បោះឆ្នោត-តាម-សំបុត្រ សូមបំពេញក្រដាសដាក់ពាក្យសុំ នៅក្នុងកូនសៀវភៅគំរូសន្លឹកឆ្នោត ដែលអ្នកបានទទួលពីការិយាល័យបោះឆ្នោតខោនធីរបស់អ្នក។

បំពេញក្រដាសដាក់ពាក្យសុំសន្លឹកឆ្នោត បោះឆ្នោត-តាម-សំបុត្រ ដែលអ្នកអាចផ្ដិត ចុះហត្ថលេខា និងផ្ញើទៅ ការិយាល័យបោះឆ្នោតខោនធីរបស់អ្នក។

ទោះបើអ្នកដាក់ពាក្យសុំតាមរបៀបណាក្ដី ក៏អ្នកត្រូវតែផ្ញើ ឬប្រគល់ដោយផ្ទាល់ដៃ នូវក្រដាសដាក់ពាក្យសុំរបស់អ្នក សំរាប់សន្លឹកឆ្នោត បោះឆ្នោត-តាម-សំបុត្រ ប្រយោជន៍ឲ្យវាមកដល់ការិយាល័យបោះឆ្នោតខោនធី របស់អ្នក យ៉ាងហោចបំផុត 7 ថ្ងៃ មុនថ្ងៃបោះឆ្នោត។

សំរាប់ការនេះ និងព័ត៌មានផ្សេងៗទៀតអំពីពេលកំណត់ការបោះឆ្នោត សូមឆែកមើល កាលបរិច្ឆេទការបោះឆ្នោត និងធនធាន

តើថ្ងៃចុងក្រោយ ដើម្បីផ្ញើសន្លឹកឆ្នោត បោះឆ្នោត-តាម-សំបុត្រ របស់ខ្ញុំនៅពេលណា?

អ្នកត្រូវតែបំពេញ និងផ្ញើសន្លឹកឆ្នោត បោះឆ្នោត-តាម-សំបុត្រ ប្រយោជន៍ឲ្យវាមកដល់ការិយាល័យបោះឆ្នោតខោនធីរបស់អ្នក មុនពេលកន្លែងបោះឆ្នោតបិទ នៅម៉ោង 8:00 យប់ នៅថ្ងៃបោះឆ្នោត។ ត្រាប្រៃសណីយ៍មិនរាប់ទេ។ បើអ្នកមិនប្រាកដថាសន្លឹកឆ្នោត បោះឆ្នោត-តាម-សំបុត្រ របស់អ្នកនឹងទៅដល់ទាន់ពេលទេ សូមយកវាទៅកន្លែង បោះឆ្នោតណាមួយ នៅក្នុងខោនធីរបស់អ្នក រវាងម៉ោង 7:00 ព្រឹក និង 8:00 យប់ នៅថ្ងៃបោះឆ្នោត។

សំរាប់ការនេះ និងព័ត៌មានផ្សេងៗទៀតអំពីពេលកំណត់ការបោះឆ្នោត សូមឆែកមើល កាលបរិច្ឆេទការបោះឆ្នោត និងធនធាន

ចុះបើសិនខ្ញុំ បោះឆ្នោតជាលើកដំបូង?

នៅពេលអ្នកបានចុះឈ្មោះបោះឆ្នោត យើងបានសូមឲ្យអ្នកបំពេញនូវ លេខសំបុត្របើកបររថយន្ដរបស់អ្នក លេខអត្ដ សញ្ញាណ ឬលេខបួនខ្ទង់ចុងក្រោយនៃលេខសូស្យ៉ាល់សឹគ្យួរិទីរបស់អ្នក។ បើសិនអ្នកមិនបានបញ្ចូលព័ត៌មាននេះទេ ត្រូវផ្ញើសំណៅនៃអត្ដសញ្ញាណផ្ទាល់ខ្លួនខ្លះ នៅក្នុងស្រោមសំបុត្រ មកជាមួយនឹងសន្លឹកឆ្នោតរបស់អ្នក។

អ្នកនឹងរកឃើញគំរូនៃប្រភេទអត្ដសញ្ញាណដែលអាចទទួលស្គាល់បាន នៅក្នុង "បោះឆ្នោតនៅឯកន្លែងបោះឆ្នោត" ខាងលើ។

បើសិនអ្នកមានសំណួរថែមទៀត អំពីការបោះឆ្នោត សូមទូរស័ព្ទទៅលេខពិសេសសំរាប់អ្នកបោះឆ្នោត
របស់រដ្ឋលេខាធិការ តាមលេខឥតចេញថ្លៃ (888) 345-4917។